មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន (មជ្ឈមណ្ឌល APM) សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល គឺជាវិទ្យាស្ថានស្រាវជ្រាវមួយ ស្ថិតក្រោមអាណាព្យាបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលឧទ្ទិសដល់ការលើកកម្ពស់ចំណេះដឹង និងការកសាងសមត្ថភាព សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធនាគាររបស់ប្រទេសកម្ពុជា។

ចាប់តាំងពីធនាគារ ARDB ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨, ធនាគារបាននិងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិសមភាព តាមរយៈការរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។ ជាមួយនឹងបទពិសោធជាង ២៥ឆ្នាំ ជាធនាគារអភិវឌ្ឍន៍ និងធនាគារបម្រើគោលនយោបាយរាជរដ្ឋាភិបាល, ធនាគារ ARDB មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗដែលចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ដែលការណ៍នេះបានផ្តល់នូវកាលានុវត្ត-ភាពដ៏ពិសេសសម្រាប់ធនាគារក្នុងការបង្កើត និងចែករំលែកចំណេះដឹង ឬរបកគំហើញថ្មីៗទាក់ទិននឹងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារ។ តាមរយៈការដើរតួជាអាណាព្យាបាលបច្ចេកទេស និងអាណា-ព្យាបាលហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌល APM, ធនាគារ ARDB មិនត្រឹមតែបន្តបំពេញមុខងារជាធនាគារបម្រើគោលនយោបាយរាជរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែ ធនាគារក៏ចូលរួមលើកកម្ពស់លទ្ធភាពទទួលបានរបាយការណ៍ស្រាវជ្រាវ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញដែលមានគុណភាពខ្ពស់ សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ និងសាធារណជនទូទៅផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយជំរុញដល់ការអភិវឌ្ឍជាតិ ព្រមទាំងចូលរួមកសាងនូវអនាគតដែលកាន់តែឧត្តុង្គឧត្តម និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រទេសកម្ពុជា ជាពិសេសជំរុញកម្ពុជាឆ្ពោះទៅរកការសម្រេចនូវគោលដៅក្នុងការក្លាយខ្លួនជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដូចដែលបានគ្រោងទុក។