បណ្ឌិត លី ដាលីន គឺជាអ្នកជំនាញកម្ពុជាមួយរូបលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ សុវត្ថិភាពចំណីអាហារ និងជីវបច្ចេកវិទ្យា។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយទាំងក្នុងស្ថាប័នរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងគ្រឹះស្ថានឧត្តមសិក្សា លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងគោលនយោបាយសុវត្ថិភាពចំណីអាហារក្នុងតំបន់។
បច្ចុប្បន្ន លោកស្រីកំពុងបំពេញការងារនៅនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៅកម្ពុជា។ ក្នុងតួនាទីនេះលោកស្រីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពស្តីពីការអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ព្រមទាំងការរៀបចំសៀវភៅណែនាំស្តីពីការអនុវត្តកសិកម្មល្អសម្រាប់ដំណាំ។
វិជ្ជាជីវៈសំខាន់ៗ៖
- ទីប្រឹក្សាបច្ចេកទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)៖ បានរៀបចំសៀវភៅណែនាំស្តីពីគុណភាព និងសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ សម្រាប់កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងស្រុក និងបានគាំទ្រដល់ក្របខណ្ឌគោលនយោបាយស្តីពីប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជា។
- ទីប្រឹក្សាបច្ចេកទេសនៃអង្គការអាហារូបត្ថម្ភអន្តរជាតិ (Nutrition International)៖ បានរួមចំណែកក្នុងការតាក់តែងយុទ្ធសាស្ត្រជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជា ឆ្នាំ២០២៤–២០២៨។
- នៅក្នុងវិស័យអប់រំ និងការស្រាវជ្រាវ លោកស្រីធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំដ៏សំខាន់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងនាមជាប្រធានដេប៉ាតឺម៉ង់ អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យ ដោយបានដឹកនាំការអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ថ្នាក់បរិញ្ញបត្រជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ។
ប្រវត្តិសិក្សា និងស្រាវជ្រាវ៖
បណ្ឌិត លី ដាលីន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារពីសាកលវិទ្យាល័យធនធានធម្មជាតិ និងវិទ្យាសាស្ត្រជីវិត (BOKU) នៅទីក្រុងវីយែន ប្រទេសអូទ្រីស ក្រោមអាហារូបករណ៍ Erasmus Mundus និងមូលនិធិ Schlumberger Foundation Faculty for the Future។ លោកស្រីបានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវបច្ចេកវិទ្យាពីសាកលវិទ្យាល័យជាតិឆុនណាម នៃសាធារណរដ្ឋកូរ៉េ។
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកស្រីបានបោះពុម្ភអត្ថបទវិទ្យាសាស្រ្តដែលឆ្លងកាត់ការពិនិត្យដិតដល់ពីអ្នកជំនាញ (Peer-reviewed articles) ជាច្រើន ដែលផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖
- ឡាក់ទិកអាស៊ីតបាក់តេរី (Lactic acid bacteria) និង Biogenic amines ក្នុងអាហារផ្អាប់ប្រពៃណី
- ភាពងាយរងគ្រោះនៃអតិសុខុមប្រាណទៅនឹងថ្នាំអង់ទីប៊ីយោទិច (Antimicrobial susceptibility) និងជាតិពុលដែលកើតពីផ្សិត (Mycotoxins) ក្នុងអង្ករ
- លក្ខណៈសម្បត្តិសារធាតុប្រឆាំងអុកស៊ីតកម្មនៃដំណាំ
ការបោះពុម្ពផ្សាយមួយចំនួន៖
- Ly, D., Mayrhofer, S., and Domig, K.J. An evaluation of the phenotypic antibiotic susceptibility of potential lactic acid bacteria starter cultures isolated from Cambodian fermented foods. Frontiers in Food Science and Technology 2022, 2:892319. doi: 10.3389/frfst.2022.892319.
- Ly, D., Mayrhofer, S., Schmidt, J-M., Zitz, U., and Domig, K.J. Biogenic Amine Contents and Microbial Characteristics of Cambodian Fermented Foods. Foods 2020, 9, 198. doi: 10.3390/foods9020198.
- Ly, D., Mayrhofer, S., Agung Yogeswara, I. B., Nguyen, T.-H., and Domig, K.J. Identification, classification and screening for γ-amino-butyric acid production in lactic acid bacteria from Cambodian fermented foods. Biomolecules 2019, 9(12), 768. doi: 10.3390/biom9120768.