បណ្ឌិត សំរិត សុវណ្ណរឿន បច្ចុប្បន្នបំពេញភារកិច្ចជាសាស្ត្រាចារ្យ នៅមហាវិទ្យាល័យសេរីសិល្បៈ (Faculty of Liberal Arts) និងសាលាមនុស្យសាស្ត្រ និងវិទ្យាសាស្ត្រសង្គមជាន់ខ្ពស់ (Graduate School of Humanities and Social Sciences) នៃសាកលវិទ្យាល័យ Saitama ប្រទេសជប៉ុន។ ផ្អែកលើជំនាញឯកទេសដ៏ស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចអភិវឌ្ឍន៍ (Development Economics) បញ្ហាដុល្លារូបនីយកម្ម (Dollarization) ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងបរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា លោកបានសាងកេរ្តិ៍ឈ្មោះជាសេដ្ឋវិទូខ្មែរឈានមុខគេមួយរូបដែលកំពុងបំពេញការងារនៅប្រទេសជប៉ុន។ មុនពេលទទួលបានតំណែងបច្ចុប្បន្ន លោកធ្លាប់បានបំពេញការងារជាសាស្ត្រាចារ្យរង និងជាសាស្ត្រាចារ្យជំនួយ នៅសាកលវិទ្យាល័យ Saitama ព្រមទាំងធ្លាប់ជាអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoctoral Fellow) និងជាសមាជិកស្រាវជ្រាវ (Research Fellow) នៅសាកលវិទ្យាល័យ Kyoto និងសាកលវិទ្យាល័យ Osaka ផងដែរ។ បណ្ឌិត សំរិត សុវណ្ណរឿន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវការងារសិក្សាធិការ ការវិភាគគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្ន លោកក៏បំពេញភារកិច្ចជាសមាជិកស្រាវជ្រាវជាន់ខ្ពស់ទស្សនកិច្ច (Senior Visiting Fellow) នៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាសមាជិកស្រាវជ្រាវទស្សនកិច្ច (Visiting Fellow) នៅវិទ្យាស្ថានស្រាវជ្រាវ JICA Ogata Sadako ដើម្បីសន្តិភាព និងការអភិវឌ្ឍ (JICA Ogata Sadako Research Institute for Peace and Development) ផងដែរ។ ប្រធានបទស្រាវជ្រាវដែលលោកចាប់អារម្មណ៍រួមមាន៖ ដុល្លារូបនីយកម្ម, អត្រាប្តូរប្រាក់, មីក្រូហិរញ្ញវត្ថុ, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Financial Literacy), អភិបាលកិច្ច, អំពើពុករលួយ, ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយសេដ្ឋកិច្ចនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន។ លើសពីនេះ លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សាគោលនយោបាយស្តីពី គោលនយោបាយពិដានអត្រាការប្រាក់ (Interest rate cap policies) បរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion) និងសុខុមាលភាពគ្រួសារនៅកម្ពុជា។ បណ្ឌិត សំរិត សុវណ្ណរឿន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (Ph.D.) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (M.A.) ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Kyoto និងថ្នាក់បរិញ្ញាបត្រ (B.A.) ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Osaka។ លោកគឺជាអ្នកនិពន្ធអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ ឯកសារគោលនយោបាយ និងជាអ្នកនិពន្ធអត្ថបទស្រាវជ្រាវសៀវភៅបែបជំពូកសិក្សាជាច្រើន ដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិបត្រអន្តរជាតិឈានមុខគេ និងស្ថាប័នស្រាវជ្រាវល្បីៗ រួមមានការសិក្សាលើបញ្ហាដុល្លារូបនីយកម្មនៅកម្ពុជា មីក្រូហិរញ្ញវត្ថុ អភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។