លោកបណ្ឌិត សំរិត សុវណ្ណរឿន អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM និងលោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឧទ្ទេសនាមវគ្គបណ្ដុះបណ្ដាលស្ដីពី “Basic Research Methodology” សម្រាប់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌល ARDB ACE-GFA និងបុគ្គលិកនៃធនាគារ ARDB។
រាជធានីភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារស្រាវជ្រាវនៃធនាគារ ARDB បានសហការជាមួយការិយាល័យបណ្តុះបណ្តាលជំនាញ ដើម្បីរៀបចំ និងសម្របសម្រួល វគ្គបណ្តុះ-បណ្តាលមួយស្តីពី “Basic Research Methodology” ដែលដឹកនាំដោយ លោកបណ្ឌិត សំរិត សុវណ្ណរឿន អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM និង លោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល APM នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៨៨រូប ក្នុងនោះចូលរួមផ្ទាល់ចំនួន ៤២រូប និងតាមប្រព័ន្ធអនឡាញចំនួន ៤៦រូប។
វគ្គបណ្ដុះបណ្ដាលនេះផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញរបស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក៏ដូចជាបុគ្គលិកនៃធនាគារ ARDB ឱ្យកាន់តែមានគុណវុឌ្ឍិបន្ថែមក្នុងការសរសេរ និង រៀបចំសំណើ និងរបាយការណ៍ស្រាវជ្រាវតាមបែប Academic ។ ទន្ទឹមនេះវគ្គបណ្ដុះបណ្ដាលក៏រួមបញ្ចូលនូវការអនុវត្តផ្ទាល់តាមរយៈការពិភាក្សាជាក្រុម និងការធ្វើបទបង្ហាញលើប្រធានបទស្រាវជ្រាវ ដែលក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ គ្រោងនឹងរៀបចំនៅក្នុងឆ្នាំ២០២៦ ផងដែរ។





វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនាព្រឹកថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។មានរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃអង្គារ ទី៣១ ខែមីនា (ពេញមួយថ្ងៃ) និងរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦។
