ឯកឧត្តម ថី ឃាម ទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឧទ្ទេសនាមវគ្គបណ្ដុះបណ្ដាលស្ដីពី “Research Methodology” ជូនក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌល ARDB ACE-GFA និងបុគ្គលិករបស់ធនាគារ ARDB។
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ការិយាល័យបណ្តុះបណ្តាលជំនាញ នៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានរៀបចំ និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី “Research Methodology” ដែលឧទ្ទេសនាមដោយ ឯកឧត្តម ថី ឃាម ជាទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានសិក្ខាកាមចូលរួមសរុបចំនួន ១០៩ រូប ក្នុងនោះសិក្ខាកាមចូលរួមដោយផ្ទាល់មានចំនួន ៤៣ រូប និងតាមប្រព័ន្ធអនឡាញចំនួន ៦៦ រូប ។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានចំនួន ១១ ពេល ដែលបន្តនឹងត្រូវរៀបចំឡើងរៀងរាល់ព្រឹកថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញ របស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក៏ដូចជាបុគ្គលិកនៃធនាគារ ARDB បន្ថែមក្នុងការប្រមូលទិន្នន័យ វិភាគ និងបកស្រាយទិន្នន័យ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង។





វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
